Sunday, September 22, 2019

ហិរិឳតប្បៈ

ហិរិ  សេចក្តី​ខ្មាស​បាប​ ជាអជ្ឈត្តិកៈសមុដ្ឋាន ឬហៅធា អត្តាធិបតេយ្យ ដែលមានដែនកើតខាងក្នុងមាន ៤ យ៉ាង គឺ
                 ១. ជាតឹ បច្ចវេក្ខិត្វា ពិចារណាអំពីជាតិ
                 ២. វយំ បច្ចវេក្ខិត្វា  ពិចារណាអំពីវ័យ
                 ៣. សូរភាវំ បច្ចវេក្ខិត្វា ពិចារណាអំពីភាពខ្លាវក្លា
                 ៤. ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាអំពីភាពជាអ្នកចេះដឹង
ឱត្តប្ប  សេចក្តី​ក្តៅ​នឹង​បាប ជាពហិទ្ធាសមុដ្ឋាន ដែលមានដែនកើតនៅខាងក្រៅ ជាលោកាធិបតេយ្យ មាន ៤ យ៉ាងគឺ
                 ១. បរានុវាទភយៈ ភ័យអំពីអ្នកដ៏ទៃ
                 ២. អត្តានុវាទភយៈ ភ័យអំពីខ្លួនឯង
                 ៣. ទុក្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុក្ខគតិ
                 ៤. ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្ដេច
ពាក្យថា លោកបាលធម៌ ប្រែថា ធម៌រក្សាលោក ឬហៅថា ទេវធម៌ ដូចមានក្នុងខុទ្ទក​និ​កាយ​​ធម្មបទថា
ហិរិឳត្តប្បសម្បន្នា សុក្កធម្មសមាហិតា
សន្តោ សប្បុរិសា លោកេ  ទេវធម្មាតិ វុច្ចរេ ។
សប្បុរសទាំងឡាយ អ្នកមានចិត្តស្ងប់រម្ងាប់ បរិបូណ៌ដោយហិរិ និងឳត្តប្បៈ ជាអ្នក​មាន​ចិត្ត​តម្កល់​នៅក្នុងធម៌ស អ្នកប្រាជ្ញពោលថា ជាបុគ្គលមានទេវធម៌ក្នុងលោក។

អធិប្បាយ
ពាក្យ​ថា​ ហិរិ​ ឱត្តប្ប​ បាន​ដល់​ សេចក្តីខ្មាស​ និង​សេចក្តី​តក់​ស្លុត​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ហិរីយតិ ហិរីយិតព្វេន​ ឱត្តប្បតិ ឱត្តប្បិតព្វេន​ សេចក្តី​ខ្មាស​ដោយ​វត្ថុ​ដែល​គួរ​ខ្មាស​ តក់​ស្លុត​ចំពោះ​ដោយ​វត្ថុ​ដែល​គួរ​តក់​ស្លុត” ។ ប្រការ​មួយ​ទៀត​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នេះ​ ហិរិ​ មាន​សមុដ្ឋាន​ពី​ខាង​ក្នុង​ ឱត្តប្ប​ មាន​សមុដ្ឋាន​ពី​ខាងក្រៅ​ ហិរិ​ មាន​ខ្លួន​ជាធំ​ ( អត្តាធិបតេយ្យ ) ឱត្តប្ប​ មាន​លោក​ជា​ធំ ( លោកាធិបតេយ្យ ) ហិរិ​តាំង​ឡើង​ព្រោះ​សេចក្តី​ខ្មាស​អៀន​ក្នុង​ចិត្ត​ ឱត្តប្ប​ តាំង​ឡើង​ព្រោះ​សភាវៈ​ គឺ​សេចក្តី​តក់​ស្លុត​ ។​ ពាក្យ​អធិប្បាយ​ដោយពិស្តារ​ក្នុង​រឿង​ហិរិ​ និង​ឱត្តប្ប​នេះ​ បាន​ពោល​ទុក​ដោយ​សព្វ​គ្រប់​ក្នុង​វិសុទ្ធិមគ្គ ។
ហិរិ នោះ បាន​ខាង សេចក្ដី​ខ្មាស ចំពោះ​បាប​ទុច្ចរិត​ផ្សេង​ៗ​។
ឱត្តប្បៈ នោះ បាន​ខាង សេចក្ដី​ខ្លាច ចំពោះ​បាប​ទុច្ចរិត​ផ្សេង​ៗ​។
ធម៌ ២ ប្រការ គឺ ហិរិ និង ឱត្តប្បៈ នេះ ជា​ធម៌​សំខាន់​បំផុត​របស់​សមណៈ​, បើ​មិន​មានធម៌ ២ ប្រការ​នេះ​ទេ មិន​គួរ​ហៅ​ថា​សមណៈ​ឡើយ​, កាលបើ​មានធម៌ ២ ប្រការ​នេះ ទើប​ជាដើម​ចមនាំ​ឲ្យ​បាន​សម្រេចគុណវិសេស​ដទៃ​ៗ ជា​លំដាប់​ទៅ​។
ព្រះ​បរមគ្រូ​ទ្រង់​ត្រាស់​ថា ធ្វើ​ឲ្យ​ជា​សមណៈ​ត្រូវ​តែ​មាន​ហិរិ​និង​ឱត្តប្បៈ​ជាប់​ជា​និច្ច​។ ធម៌​ទាំង​ពីរ​នេះ​ជា​ប្រធាន​នៃ​ធម៌​ទាំងពួង ហើយ​ទ្រង់​សម្ដែង​ថា បរិសុទ្ធ​កាយសមាចារ​, បរិសុទ្ធ​វចីសមាចារ​, បរិសុទ្ធ​មនោ​សមាចារ​, បរិសុទ្ធ​អាជីវៈ​ឥន្ទ្រិយសំវរៈ​, ភោជន​មត្តញ្ញូ ការ​អាស្រ័យ​នៅ​ក្នុង​ទី​សេនាសនៈ​ដ៏​ស្ងាត់​, ការ​ជម្រះចិត្ត​ឲ្យ​ប្រាសចាក​នីវរណធម៌​ហើយ​តម្កល់​ឲ្យ​ខ្ជាប់​ជា​សមាធិ​, ធ្វើ​បញ្ញា​ដែល​ឃើញច្បាស់​ក្នុង​ចតុរារិយសច្ច​ឲ្យ​កើតឡើង​។ ធម៌​អម្បាល​នេះឯង ជា​ធម៌​របស់​សមណៈ ។


No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម