Showing posts with label មេរៀនជីវិត & ធម្ម. Show all posts
Showing posts with label មេរៀនជីវិត & ធម្ម. Show all posts

Wednesday, February 1, 2023

បាតិមោក្ខសំវរសីល

    បាតិមោក្ខសំវរសីល អនុសាសន៨ យ៉ាង ពាក្យប្រៀនប្រដៅចំពោះភិក្ខុ ដែលបានឧបសម្បទាថ្មីៗ ក្នុងពេលជាលំដាប់បន្ទាប់អំពីកម្មវាចាមក ដើម្បីឲ្យដឹងបណ្ដើរជាការបណ្ដោះ អាសន្ន ហៅថា អនុសាសនៈ មាន៨ យ៉ាងគឺ និស្ស័យ៤ អករណីយកិច្ច៤។ បច្ច័យជាគ្រឿងអាស្រ័យរបស់បព្វជិត ហៅថា និស្ស័យ មាន ៤យ៉ាងគឺ 
            ដើរបិណ្ឌបាត១
            ស្លៀកដណ្ដប់សំពត់បង្សុកូល១ 
            នៅអាស្រ័យ ក្រោមម្លប់ឈើ១ 
            ឆាន់ថ្នាំត្រាំដោយទឹកមូត្រ១។ 

 កិច្ចដែលបព្វជិតមិនត្រូវធ្វើហៅថា អករណីយកិច្ច មាន៤ យ៉ាងគឺ៖ 
        - សេពមេថុន១ 
        - លួចទ្រពទ្យគេ១ 
        - សំលាប់សត្វ១ 
        - ពោលអួតគុណវិសេស ដែលមិនមានក្នុងខ្លួន១។

 ត្រៃសិក្ខា គុណជាតិដែលបព្វជិតត្រូវសិក្សាហៅថា សិក្ខា មាន ៣យ៉ាងគឺ សីល១ សមាធិ១ បញ្ញា១។
         ១ - ការសង្រួមកាយ វាចាដោយប្រពៃហៅថា សីល។ 
         ២ - ការរក្សាចិត្ដឲ្យស្ងប់រំងាប់ហៅថា សមាធិ។ 
         ៣ -ការដឹងច្បាស់ក្នុងកងសង្ខារហៅថា បញ្ញា។

     អាបត្ដិ ទោសដែលកើតឡើងព្រោះសេចក្ដីល្មើសវិន័យបញ្ញាត្ដិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមហៅថា អាបត្ដិ អាបត្ដិនោះពោលដោយឈ្មោះ មាន៧យ៉ាងគឺ៖ 
    -  បារាជិក បើភិក្ខុត្រូវហើយត្រូវដាច់ចាកភិក្ខុភាវៈ។ 
    - សង្ឃាទិសេស បើភិក្ខុហើយត្រូវចូលបរិវាសកម្ម ទើបរួចចាកអាបត្ដិបាន។ 
    - ថុល្លច្ច័យ អាបត្ដិទាំង ៥យ៉ាងតទៅនេះ បើភិក្ខុត្រូវហើយត្រូវសំដែងចំពោះមុខសង្ឃ ឬគណៈ ឬបុគ្គល ទើបរួចចាកទោសបាន។ 
    - បាចិត្ដិយបាដិទេសនិយ ទុក្កដ ទុព្ភាសិត អាបត្ដាបជ្ជនាការ អាការដែលភិក្ខុ នឹង ត្រូវអាបត្ដិទាំងនោះមាន ៦យ៉ាងគឺ៖
             ១ - អលជ្ជិតា ត្រូវដោយមិនខ្មាស់។
             ២ - អញ្ញាណតា ត្រូវដោយមិនស្គាល់អាបត្ដិ។
             ៣ - កុក្កុច្ចប្បកតត្ដា ត្រូវដោយសង្ស័យ ហើយចេះតែធ្វើ។ 
             ៤ - អកប្បរិយ កប្បិយសញ្ញិតា ត្រូវដោយសំគាល់ថា មិនគួរក្នុងរបស់ដែលគួរ។
             ៥ - កប្បយេ អកប្បិយសញ្ញិតា ត្រូវដោយសំគាល់ថា គួរក្នុងរបស់ដែលមិនគួរ។
             ៦ - សតិសម្មោសា ត្រូវដោយភ្លេចស្មារតី។ 

     សិក្ខាបទ វិន័យបញ្ញាត្ដិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាម លើកឡើងជាប្រការ ឬ ជាមាត្រាមួយៗ ដែលហៅថាសិក្ខាបទនោះ មានក្នុងបាតិមោក្ខខ្លះ មិនមានក្នុងបាតិមោក្ខខ្លះ។ សិក្ខាបទដែលមានក្នុងបាតិមោក្ខនោះគឺ៖ បារាជិក៤ សង្ឃាទិសេស១៣ អនិយត២ និស្សគ្គិយបាចិត្ដិយ៣០ សុទ្ឋិកបាចិត្ដិយ៤ សេគ្គិយវត្គ ៧៥ រួមជា ២២០ រាប់ទាំងអធិករណសមថ ៧ផ្សំផង ជា ២២៧។

Saturday, January 14, 2023

សទ្ធម្មប្បតិរូបកសូត្រ

🍂(ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម)🍂 
     សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។

     ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ 

    ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ 

    ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ? ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ 
- ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ 
- ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ 
- ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ 
- ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ 
- ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ 

    ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។

 ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) 

    សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ 
        ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន 
    ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង
                 ១. ឱភាស
                 ២. ញាណ 
                ៣. បីតិ 
                ៤. បស្សទ្ធិ 
                ៥. សុខ 
                ៦. អធិមោក្ខៈ 
               ៧. បគ្គាហៈ 
               ៨. ឧបដ្ឋានៈ 
               ៩. ឧបេក្ខាវជ្ជនៈ 
        ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ 

 (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) 
         ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។ ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។

        ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

Sunday, February 13, 2022

នេះជាអ្វីដែលស្វាមីភរិយា​ ត្រូវយល់ដឹង​ | ហ៊ុយ​ ជោតមុនី​ - Huy Choothmuny

Friday, February 11, 2022

បណ្ដុះក្ដីស្រឡាញ់ពិត​ ១​ | កល្យាណមិត្តព្រះពុទ្ធសាសនា​ | ហ៊ុយ​ ជោតមុនី

ហ៊ុយ​ ជោតមុនី​ | ចាន់​ សុជន​ | វត្តប្រាសាទស្រះកណ្ដាល​ ខ្ចាស់

កម្មវិធីកល្យាមិត្តពុទ្ធសាសនា​ -​ សាលឿម​ -​ ជោតមុនី​ -​ សំណាង

Tuesday, January 25, 2022

គ្មានអ្វីលំបាកជាង​ ជួយមនុស្សគ្មានឆន្ទៈនោះទេ

Friday, January 14, 2022

កម្មវិធីកល្យាមិត្តពុទ្ធសាសនា​ -​ សាលឿម​ -​ ជោតមុនី​ -​ សំណាង

Friday, January 7, 2022

គ្មានប្រទេសណាមួយកក់ក្ដៅ​ និង​សម្បូរសប្បាយ​ជាងប្រទេស​ ដេីមកំណេីតយេីងឡេីយ

Thursday, January 6, 2022

មហាបុណ្យ៥យ៉ាង​ | កុំអាលជឿ១០យ៉ាង​ | ហ៊ុយ​ ជោតមុនី​ | កម្មវិធីកល្យាមិត្តពុ...

ហ៊ុយ​ ជោតមុនី​ | ចាន់​ សុជន​ | វត្តប្រាសាទស្រះកណ្ដាល​ ខ្ចាស់

Monday, December 13, 2021

ហេតុអ្វី​ បានជាខ្មែរនិងខ្មែរមិនអាចធ្វេីការរួមគ្នាបាន? ហ៊ុយ​ ជោតមុនី​ - H...

បណ្ដុះ​សេចក្ដី​ល្អក្នុងសង្គម​ គឺផ្ដេីមពីខ្លួនយេីងទៅ​ | ហ៊ុយ​ ជោតមុនី​ - ...

Tuesday, February 9, 2021

បុណ្យមាឃបូជា​

                                                    បុណ្យមាឃបូជា​

            មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឡ្ហបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ :



           គោលបំណងៈ គោលបំណងរបស់ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្ហា​ នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា "សន្តិ "ដែលប្រែថា" សេចក្តីស្ងប់ " ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។


គោលដៅ :សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។
ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១​ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣​ មិនប្រើពាក្យបៀតបៀន​ និងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥​ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃ​ និងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧​ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។


មេរៀនពីបុណ្យមាឃបូជា ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
ចំណុច១ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។

ចំណុច២​ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។

ចំណុច៣​ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍន៍ដល់ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។

ចំណុច៤​ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមានសាសនាខុសគ្នាៗក៏ ដោយ។

ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។

សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។

Monday, July 27, 2020

អរិយដ្ឋង្គិកមគ្គ​ ៨

អរិយដ្ឋង្គិកមគ្គ 
 
១.​ សម្មាទិដ្ឋិគឺ​ការ​យល់ត្រូវ, ការ​ដឹង​ក្នុង​អរិយសច្ចៈ​៤, គឺការ​​ដឹង​ថា​​អ្វី​ជា​​ទុក្ខ, ការ​​ដឹង​នូវ​មូល​​ហេតុ​ជាទី​កើត​ឡើង​នៃ​ទុក្ខ, ការ​ដឹង​​​​វិធី​​រំលត់​​ទុក្ខ, និង ការ​ដឹង​ក្នុង​​ការ​ប្រតិបត្តិ​​តាម​វិធី​រំលត់​​ទុក្ខ។ 
២.​ សម្មាសង្កប្បៈ គឺ​ការ​ត្រិះរិះត្រូវ, គឺការ​ពិចារណា​​​ក្នុង​ការ​ចេញ​ចាក​កាម, ការ​ពិចារណា​​ក្នុង​ការ​មិន​ព្យាបាទ ឬ​​ ​បៀត​បៀន​​មនុស្ស​​ដទៃ, សត្វ​ដទៃ,​ រួម​ទាំង​ខ្លួន​ឯង និង​ បរិស្ថាន​ដែល​ខ្លួន​ឯង​ និង​ មនុស្ស​សត្វ​រស់​នៅ​​​ ។ 
៣.​ សម្មាវាចា គឺ​ការ​ពោលពាក្យ​សម្តី​និយាយ​​ល្អ​ត្រឹម​ត្រូវ​ គួរ​ស្តាប់ និង ត្រូវ​តាម​កាលទេសៈ គឺ​ចេតនា​វៀរ​ចាក​ការ​និយាយ​កុហក, ការ​និយាយ​ញុះញង់​គេ, ការ​និយាយ​ទ្រគោះ, ឬ ការ​និយាយ​រោយរាយ​ឥត​ប្រយោជន៍ ។ 
៤.​ សម្មាកម្មន្តៈ គឺ​ការ​ធ្វើ​សកម្មភាព​ ឬ ការងារ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នា ឬ​ នីតិវិធី; គឺ​ចេតនា​វៀរចាក​ការ​សម្លាប់​សត្វ, ការ​វៀរ​ចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ,​ និង ការ​វៀរចាក​ការ​ប្រព្រឹត្តិធម៌​មិន​ប្រសើរ​ទាំង​ពួង ។ 
៥.​ សម្មាអាជីវៈ គឺ​​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ត្រឹម​ត្រូវ​ ស្រប​ច្បាប់​ជាតិ និង អន្តរជាតិ ឬ​​ការ​លះ​បង់​នូវ​ការ​ចិញ្ចឹម​ជីវិត​ខុស (មាន​ដូច​ជា ជំនួញ​ ៥ ​ប្រការ​ គឺ ជួញ​គ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញ​មនុស្ស, ជួញ​សត្វ, ជួញ​សាស្ត្រាវុធ​នានា ។ល។), និង​​ត្រូវ​ប្រកប​របរ​ចិញ្ចឹម​ត្រឹម​ត្រូវ​តាម​ច្បាប់​រដ្ឋ និង ច្បាប់​សាសនា ។ 
៦.​ សម្មាវាយាមៈ គឺ​ការ​ព្យាយាមត្រូវ គឺ​ព្យាយាម​ញុំាង​ឆន្ទៈ​​ឲ្យ​​កើត​ឡើង, ប្រឹង​ប្រែង​ប្រារព្ធ​ព្យាយាម, ផ្គង​ចិត្ត​ទុកតាំង​ព្យាយាម​មាំដើម្បី​ញុំាង​ពួក​អកុសល​ធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត​កុំឲ្យ​​កើត​ឡើង​បាន, ញុំាងឆន្ទៈ​ដើម្បី​លះ​បង់​នូវ​ពួក​អកុសល​ធម៌​ដែល​កើត​ឡើង​ហើយ, ព្យាយាម​ញុំាង​កុសល​ធម៌​ទាំង​ឡាយ​ដែល​មិន​ទាន់​កើតឲ្យ​​កើត​ឡើង, ញុំាង​ពួក​អកុសលធម៌​ដែល​កើត​ឡើង​ហើយ ឲ្យ​តាំង​នៅ​​កុំ​ឲ្យ​​ភ្លេច​ភ្លាំង​ទៅ​វិញ, ឲ្យ​​ចម្រើន​ធំទូលាយ​ពេញ​បរិបូរណ៌ ។ 
៧.​ សម្មាសតិ គឺ​ការ​រឭកត្រូវ, ​ការ​ពិចារណា​រឿយៗ​នូវសតិប្បដ្ឋាន ៤, គឺ​ពិចារណា​នូវ​​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស, មាន​ការ​ដឹង​ខ្លួន, កំចាត់​បង់​នូវ​អភិជ្ឈា ​និង ​ទោមនស្ស​ក្នុង​លោក​ចេញ, ពិចារណា​រឿយៗ​នូវ​វេទនា​ក្នុង​វេទនា, នូវ​ចិត្ត​ក្នុង​ចិត្ត, នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ។ 
 ៨.​ សម្មាសមាធិ គឺ​ការ​តាំងចិត្តមាំត្រូវ, ​ការ​ស្ងាត់​ចាក​អកុសល​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ឈានទាំង​ឡាយ​មាន​បឋមជ្ឈាន​ជា​ដើម។ បុគ្គល​ដែល​មិន​ប្រមាថ​ហើយ​នៅ​ក្នុង​ធម្មវិន័យ ដើរ​តាម​ផ្លូវ​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ​ដ៏​ប្រសើរ បុគ្គល​នោះ​នឹង​អាច​លះ​បង់​កំណើត (ជាតិ), ​សង្សារ និង​ ​សម្រេច​ព្រះ​និព្វាន ដែល​ជា​ទី​បំផុត​នៃ​កង​ទុក្ខ ។

ទសពិធរាជធម៌ ១០ ប្រការ


ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច និងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ​ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ​ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ​ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ឯព្រះមហាក្សត្រនិងអ្ន​កដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖​


១.​ ទាន ចែករំលែកដោយសេចក្ដីសង្គ្រោះ
ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ​ ត្រូវតែធ្វើទាន​ ចែកអំណោយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន​ ដោយគ្មានគំនិតគិតកេងប្រវ័ញ្ច​ ធ្វើប្រជាភិថុតឡើយ គឺមានន័យថា​ ទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូស​ នឹងបាបកម្ម។
បើយើងពោលអោយចំទៅ​ ព្រះមាហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រង​នគរធើ្វដូចម្តេច​ ចេះចែកចាយផ្តល់ប្រជាពលរដ្ឋ​ និងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នា​ មានកិតិ្តយសរុងរឿងថ្កុំថ្កើង។

២. សីល ការរក្សានូវសេចក្ដីល្អ វៀរចាកអំពើទុច្ចរិត
ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំត្រូវតែប្រកាន់ និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះ គឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិត មិនលួចប្លន់ មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួន អោយលង់លក់ទៅដោយគ្រឿងស្រវឹង។
ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖
. មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
. ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
. មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
. ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។


៣. បរិច្ចាគៈ ការអោយដោយមិនចង់បានផលតបស្នង
ព្រះមហាក្សត្រ​ ឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យ​ ឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ​ ពោលគឺប្រជាលរដ្ឋត្រូវការ។​ គឺក្នុងន័យ​ ត្រូវចេះប្រើប្រាក់កាក់ធនធានរដ្ឋ​ ដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀង​ កេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិ​ អោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាព​ និងសុភមង្គល​ វិធីនេះ គឺការបែងចែកភោគផល​ ធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់​ ដោយគ្មានរើសអើងវណ្ណះ។​ ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយ​ ឬជាការនាំ និងអ្នកនយោបាយម្នាក់ៗ​ ត្រូវតែគោរពប្រណិប័តធ្វើតាមដែរ។

៤. អាជ្ជវៈ​ មានសេចក្ដីត្រង់​
ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រ​ និងអ្នកដឹកនាំត្រូវតែគោរព​ និងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។​ ក្នុងពាក្យទៀងត្រង់​ អត្ថន័យមានទំហំធំធេងណាស់​ គឺជាជំពាក់ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ។​ បើនិយាយអោយចំទៅ​ គឺគេមិនត្រូវក្បត់ប្រជាជន​ និងប្រទេសជាតិឯង​ មិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌​ មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ បក្សពួក និង បរទេស។


៥. មទ្ទវៈ​ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា
ព្រះមហាក្សត្រ​ ឬអ្នកដឹកនាំជាតិ​ ត្រូវតែរៀបចំ​ឬកពារ អាកប្បកិរិយា​​ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការៈ​ ឬកពារច្រងេងច្រងាងច្រឡោងខាម​ ច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។
ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះ​ គឺប្រទេសជាតិ និងប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។

៦. តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ
​ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិតាមកាលកំនត់​ ត្រូវតែចូលកាន់ឧបោថសីល​ ដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍​មនោសញ្ចេតនា​ អោយភ្លឺស្វាងចៀសវៀងអវិជ្ជា​ដែលជាប្រភពនៃក្តីវិនាស​ ការចូលកាន់ឧបោថសីល​ អាចចាត់ទុកជាការដកឃ្លាមួយរយៈ​ពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្ន​ ដើម្បីយកពេលយកឪកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព​ និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។​
អាកប្បកិរិយា​ និងកាយវិការរបៀបនេះ​ អាចនាំអោយអ្នកដឹកនាំ​ ឬអ្នកនយោបាយមានពេលវេលា​ និងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អ​ ទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។

៧. អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ
ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ មិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃ អោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយឯងគត់ប៉ុណ្ណោះទេ។​ ការបង្ក បង្កើតអោយមានរឿងសៅហ្មង​ អោយមានការក្តៅក្រហលក្រហាយដូច្នេះ​ បណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុង​ ហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្រ្គាមបង្ហូរឈាម។
អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្ត​ មិនអោយមានកំហឹងគំនុំនិងមានការសងសឹក​ ឆេះឆាបដក់គុំក្នុងខ្លួនឡើយ។​ ការកសាងប្រទេសជាតិ​ មិនមែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គី​ បង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។

៨. អវិហឹសា មិនបៀតបៀនអ្នកដទៃ
ព្រះមហាក្សត្រ​ ឬអ្នកដឹកនាំជាតិ​ មិនត្រូវយកហិង្សា​ ឬកំលាំងបាយ​ កំលាំងអាវុធមកធើ្វជាត្រីមុខទេ​ ក្នុងការត្រិះរិះពិចារណា​ និងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។​ បើយើងគ្មានគំនិតអាក្រក់​ មិនប្រើកំលាំងអាវុធ​ មិនបៀតបៀនគេគេ​ ក៏គេមិនបៀតបៀនមកលើយើងដែរ។​ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធី​ ក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។​
ទស្សនៈសន្តិភាព​ ត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបង​ ដែលព្រះមហាក្សត្រ​ និងអ្នកដឹកនាំជាតិ​ ត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប យកមកអោយបានជាចាំបាច់​ ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាព​ ដើម្បីកសាងដើរឆ្ពោះទៅរកអី្វ​ ដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់​ និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។

៩. ខន្តី មានសេចក្ដីអត់ធន់
ព្រះមហាក្សត្រ​ ឬអ្នកដឹកនាំជាតិ​ ត្រូវតែមានចិត្តអំនត់អត់ធន់​ ហើយមិនលោត​ទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល ទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានះ​ ទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាល​ អាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់​ ដែលពុំអាចប៉ាន់ស្មានបាន ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំ​ និងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗ​ ជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។​ ការប្រកាន់ចិត្ត​ នឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំសម្បើម។


១០. អវិរោធនៈ​ មិនបំពានលើធម៌លើច្បាប់
ព្រះមហាក្សត្រ​ ឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។គេត្រូវតែដាក់​ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។​ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។​ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភា របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពាន​ ដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រម​ ដែលធ្លាប់មានក្នុងសង្គមជាតិ​នោះឡើយ។ ទោះស្តេច​ ទោះមន្ត្រី​ ទោះសេចក្តីគហបតី​ និងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។​ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាច​ និងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្ត​ នឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខាន​ គឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន សីលធម៌​ គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ ដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញ​ ក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម