Wednesday, May 8, 2019

បុណ្យវិសាខបូជា

បុណ្យវិសាខបូជា

       ពិធីបុណ្យវិសាខបូជាប្រារព្ភឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង បរិនិព្វាន

អំពីព្រះអង្គប្រសូត

ព្រះអង្គប្រសូតនៅថ្ងៃសុក្រពេញបូណ៌មីខែវិសាខឆ្នាំច វេលាជិតថ្ងៃត្រង់ នៅព្រៃលុម្ពិនីចន្លោះនគរទាំងពីរ គឺនគរកបិលពស្តុ និងនគរទេវទហៈ។ នៅពេលព្រះសទ្ធត្ថប្រសូតទ្រង់បានប្លឺនូវអភិសវាចាសំដីរបស់សប្បុរថា

"ខ្លួនយើងជាកំពូលនៃលោក ជាបុគ្គលប្រសើរជាងគេក្នុងលោក ជាតិនេះជាកំណើតចុងក្រោយបំផុតរបស់យើងអំណឹះតទៅមុខយើងលែងកើតទៀតហើយ" 

ត្រង់នេះគឺអោយជាតម្រុយក្នុងពិចារណាថា ក្នុងកណើតនៃជនជាបណ្ឌិតអ្នកប្រាជ្ងគឺចម្រើនសុខដល់ផែនដី មនុស្សក្នុងផែនដីទទួលអារម្មណ៍ថា ពិតជាសំណាងណាស់ដែលបានកើតក្នុងជំនាន់នៃបុគ្គលបែបនេះ។ កើតមកក្នុងគ្រួសារក៏ដូចគ្នា សូមធ្វើខ្លួនអោយមានតម្លៃ អោយគ្រួសារមានអាម្មណ៍ថា ខ្លួនសំណាងណាស់ដែលមានកូនប្រភេទដូចជាអ្នក ។

អំពីព្រះអង្គត្រាស់ដឹង


កាលព្រះសិទ្ធត្ថមានព្រះជន១៦ឆ្នាំទ្រង់ទទួលរាជាភិសេក
ជាមួយនិងព្រះនាងពិម្ពាយសោធរា នៅថ្ងៃអាទិត្យពេញបូណ៌មីខែកត្តិកឆ្នាំឆ្លូវ។ ទ្រង់សោរាជ្យបាន ១៣ឆ្នាំព្រះជន្ម២៩ឆ្នាំបានព្រះរាជបុត្រ១អង្គនាម "រាហុល"ហើយទ្រង់ចេញសាងព្រះផ្នួសក្នុងថ្ងៃព្រហស្បតិ៍ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះនាស្ទឹងអនោមា ព្រះអង្គបានធ្វើទុក្ករកិរយាអត្តកិលមថានុយោគ(ពិសោធន៍ធ្វើខ្លួនឯងអោយពិបាក) ដើម្បីពិសោធរកពោធិញាណ​ អស់ថេរវេលា៦ឆ្នាំ​ ក្នុងមគធរដ្ឋ​ ក្រោយពេលទ្រង់លះការប្រព្រឹត្តិ​ ទុក្ករកិរិយាចេញហើយបែរមកបំពេញមជ្ឈិមបដិបទា(សម្លឹងមើលធម្មជាតិតាមដំណើរពិតរបស់ធម្មជាតិ) វិញព្រះអង្គត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខឆ្នាំរកាវេលាជិតភ្លឺមុនព.ស៤៥ឆ្នាំ​ ក្នុងព្រះជន្មាយុ៣៥ឆ្នាំក្រោមពោធិព្រឹក្ស១ដើម​ នៅពុទ្ធគយាក្នុងរដ្ឋពីហារ ប្រទេសឥណ្ឌៀសព្វថ្ងៃ។

ត្រង់ចំនុចគឺអោយជាតម្រុយក្នុងការពិចារណាថា គ្មានកម្លាំងអ្វីស្មើដោយកម្លាំងនៃសេចក្តីអាណិតអាសូរឡើយ ។ បើព្រោះតែដើម្បីព្រះអង្គមួយអង្គឯង ព្រះអង្គមិនគួរណាលះបង់ទ្រព្យសម្បតិ្ត ស្តុកស្តម្ភ ប្រពន្ធ កូន ចាកចោលទៅស្វែងរកពិសោធន៍ ការពិតនៃធម្មជាតិនោះទេ តែព្រោះសេចក្តីអាណិតឈួលឆេះក្នុងបេះដូង ចង់ជួយរំដោះសត្វលោកអោយរួចចាកពីទុក្ខ ទើបព្រះអង្គសុខចិត្តពិបាកខ្លួនឯង ដើម្បីស្វែងរកវិធីដើម្បីរំដោះទុក្ខដល់សត្វលោក ។

អំពីព្រះអង្គបរិនិព្វាន

បន្ទាប់ពីព្រះអង្គបានត្រាស់ដឹងនូវសព្វញ្ញូពុទ្ធមក ព្រះអង្គបានបំពេញនូវពុទ្ធកិច្ច៥យ៉ាងគឺ
​    ១. ពេលព្រឹក ទ្រង់ត្រាចចរបិណ្ឌបាត
    ២. ពេលរសៀលទ្រង់សំដែងធម៌ប្រោសពុទ្ធបរិស័ទ្ធ 
    ៣. ពេលព្រលប់ទ្រង់ប្រទាន់ឱវាទពួកភិក្ខុ
    ៤. ពេលអាធ្រាត្រទ្រង់ដោះបញ្ហាទេវតា  
    ៥. ពេលបែកបច្ចូសម័យទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ

ដែលគួរប្រោសឬមិនគួរប្រោស។ ទ្រង់ប្រព្រឹត្តិបែបនេះអស់វេលា
៤៥វស្សាគឺចាប់ផ្តើមតាំងអំពីព្រះជន្ម ៣៥ រហូតដល់៨០ លុះត្រាតែមានបរិស័ទទាំង៤ពួកគឺភិក្ខុ ភិក្ខុនី ឧបាក ឧបាសិកាអាចទ្រទ្រង់បដិបត្តិនិងផ្សព្វផ្សាយនូវព្រះធម៌ (មានមូលដ្ធានគ្រឹះអាចជួយខ្លួនឯងបាន លែងចាញ់បោករឿងសាសនា) ដែលជាមេរៀនត្រាស់ដឹងជំនួសព្រះអង្គបាន ទើបព្រះអង្គទ្រង់យាងចូលបរិនិព្វាននៅថ្ងៃអង្គារពេញបូណ៌មីខែវិសាខឆ្នាំម្សាញ់មុនពុទ្ធសករាជ១ថ្ងៃនៅក្នុងប្រទេសឥណ្ឌៀសព្វថ្ងៃ។ មុនពេលដែលព្រះពុទ្ធបរិនិព្វានព្រះអង្គផ្តាំថា "ម្នាលភិក្ខុទាំងឡាយកាលយើងបរិនិព្វានហើយព្រះធម៌និងវិន័យទាំងប្រាំបីម៉ឺនបួនពាន់ព្រះធម្មខ័ណ្ឌនេះនិងជាគ្រូបង្រៀនជំនួសយើងអ្នកកុំគិតថាព្រះសាស្តារបស់អ្នកបរិនិព្វានហើយសាសនារបស់យើងក៏និងមិនមានដែរ ហើយធម៌ក្តីវិន័យក្តីដែលយើងសម្តែងនិងបញ្ញត្តិទុកមកនេះនិងជាសាស្តាជំនួសយើងតទៅ ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលជាអ្នកមានធម៌និងវិន័យជាទីពឹងចុះ កុំមានវត្ថុដ៏ទៃជាទីពឹងឡើយសូម្បីតថាគត ក៏គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះ"។អ្នកទាំងឡាយចូរញាំងប្រយោជន៍ឲ្យសម្រេច ចូលអ្នកទាំងឡាយកុំមានសេចក្តីប្រមាទឡើយ។ ការបូជាតបស្នងសងគុណតថាគតវិញគឺ ការបដិបត្តិដើម្បីរួចចាកទុក្ខទាំងពួងនេះឯង ទើបជាការបូជាគោរពស្រលាញ់តថាគតពិតប្រាកដ។ ក្នុងន័យនេះ ជាតម្រុយក្នុងការពិចារណាថា ចិត្តអ្នកប្រាជ្ងទាំងឡាយមានព្រះពុទ្ធអង្គជាដើម គឺកើតមកធ្វើប្រយោជន៍ដើម្បីតែអ្នកដទៃ លោកមិនដែលដឹងនាំមនុស្សអោយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទេ ។ រាល់មនុស្សដែលពាល់ត្រូវអំពីជីវិតនេះថាជាទុក្ខគួរអោយធុញទ្រាន់នឿយណាយសុទ្ធសឹងតែជាអ្នកមានអាម្មណ៍ចង់តែផ្តល់អោយអ្នកដទៃប៉ុណ្ណោះ ។ ជីវិតដែលរស់ស្រាលដល់ផែនដី និងរីកចម្រើនដល់ផែនដី ធ្វើអោយផែនដីស្រស់បំព្រងដោយសារមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់ពួកលោក។ ការងារអ្នកប្រាជ្ញគឺដើម្បីអ្នកដទៃសុទ្ធសាធ ក្នុងមួយជីវិតព្រះពុទ្ធអង្គលោកធ្វើដើម្បីតែអ្នកដទៃប៉ុណ្ណោះ សូម្បីតែរៀបនឹងបិទភ្នែកចោលផែនដីនេះទៅហើយក៏លោកនូវតែផ្តាំខ្លាចកូនភ្លេច។ 


ការរំលឹកគុណធម៌យ៉ាងជ្រាលជ្រៅរបស់ព្រះពុទ្ធអង្គយ៉ាងត្រឹមត្រូវពិតប្រាកដ គឺការពង្រីកនូវគុណសម្បត្តិដែលព្រះអង្គមាន អោយខ្លួនយើងសម្បូរដោយធម្មធាតុនៃគុណសម្បត្តិនោះ ដូចជា ការងារមនោសញ្ចេតនាជួយអ្នកដទៃជាដើម។ ការបូជាផ្កា បូជាមាសប្រាក់ បូជាការសូត្រនៅពាក្យសរសើរ រឺអាមិសបូជាផ្សេងៗមិនប្រសើរដូចការបូជាពង្រីកគុណសម្បត្តិអោយខ្លួនឯងបានរស់ជាទីពឹងដល់អ្នកដទៃទេ៕


No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម