ទាមទារប្រាសាទរបស់កម្ពជា
តើអ្វីទៅជាសម្បត្តិវប្បធ៌? សម្បត្តិវប្បធម៌គឺសំដៅទៅសម្បត្តិចលនៈ និងអចលនៈដែលមានសារៈសំខាន់បំផុតសម្រាប់បេតិកភណ្ឌវប្បធម៌របស់មនុស្សគ្រប់ជាតិសាសន៍។ ហេតុអ្វីបានជាយើងគួរការពារសម្បត្តិវប្បធម៌? បានជាយើងការពារសម្បត្តិវប្បធម៌ព្រោះការធ្វើឱ្យខូចដល់សម្បត្តិវប្បធម៌ដែលជាកម្មសិទ្ធរបស់មនុស្សជាតិណាក៏ដោយមានន័យថាធ្វើឱ្យខូចដល់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។
- លាលដីកាតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២មានសេចក្តីដូចខាងក្រោម
- ដោយមានសំឡេង៩ទល់នឹង៣៖ សម្រេចថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដៃក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
- ដោយមានសំឡេង៩ទល់នឹង៣៖ ប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងប្រាសាទ ឬនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងទឹកដៃកម្ពុជា។
- មានសំឡេង៧ទល់នឹង៥៖ សម្រេចថាប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឱ្យប្រទេសកម្ពុជាវិញនូវវត្ថុទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំវិនិច្ឆ័យទី៥របស់កម្ពុជា ដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទនេះដោយប្រទេសថៃនៅឆ្នាំ១៩៥៤។
សេចក្តីសម្រេចលេខ 31COM 8B.24 សេចក្តីសម្រេចនេះបានសេចក្តីថា គណៈកម្មាធិកាបានឯកភាពគ្នាថាទីសក្ការៈបូជាប្រាសាទ(ប្រាសាទព្រះវិហារ)សក្តិសមនិងត្រូវដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយមានការចុះបញ្ជីជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គឆ្នាំ២០០៨។ សេចក្តីសម្រេចលេខ 32COM 8B.102 សម្រេចចុះបញ្ជីប្រាសាទព្រះវិហាររបសើកម្ពុជានៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមលក្ខណៈវិនិច្ឆ័យ(I)ប្រាសាទព្រះវិហារគឺជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទព្រះវិហារមានលក្ខណៈពិសេសទាំងគម្រោង និងប្លង់ប្រាសាទ និងក្បូរក្បាច់រចនាលំអិត។
- សាលដីកាបង្កាប់របស់តុលាការយុត្តិធម៌អន្តរជាតិថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១១
- ដោយមានសំឡេង១១ទល់នឹង៥៖ មានសេចក្តីថាភាគីទាំងពីរត្រូវដកជាបន្ទាន់នូវបុគ្គលិកយោធា ដែលមានវត្តមានបច្ចុប្បន្ននៅក្នុងតំបន់គ្មានយោធាបណ្តោះអាសន្នដូចមានសេចក្តីចែងក្នុងកថាខណ្ឌ៦២នៃសេចក្តីសម្រេចនេះ និងទប់ស្កាត់មិនឱ្យមានវត្តមានយោធាក្នុងតំបន់នោះ និងមិនឱ្យមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅកាន់តំបន់នេះឡើយ។
- ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ប្រទេសថៃមិនត្រូវរារាំងការចេញចូលដោយសេរីរបស់កម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ឬការផ្គត់ផ្គង់ស្បៀងអាហារចំពោះបុគ្គលិកដែលមិនមែនយោធានៅក្នុងប្រាសាទឡើយ។
- ដោយមានសំឡេង១៥ទល់១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការដែលគេបានព្រមព្រៀងនៅក្នុងក្របខណ្ឌអាស៊ាន និងជាពិសេសអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ដែលត្រូវបានតែងតាំងដោយអង្គការនេះឱ្យចូលទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
- ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវតែអត់ធ្មត់ មិនធ្វើសកម្មភាពណាដែលអាចនាំឱ្យមានជម្លោះ ដែលបានស្នើសុំឱ្យតុលាការដោះស្រាយនោះមានសភាពកាន់តែធ្ងន់ធ្ងរ ឬរីកធំឡើង ឬធ្វើឱ្យមានជម្លោះនោះកាន់តែពិបាកដោះស្រាយថែមទៀត។
តាមពិតទៅប្រទេសថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារខុសច្បាប់តាំងពីឆ្នាំ១៩៤០ និងបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីជាតិថៃកាលពីឆ្នាំ១៩៤០នោះដែរ។ បន្ទាប់មកប្រទេសថៃបានដាក់ឆ្មាំការពារពីឆ្នាំ១៩៤១។ កិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨៤៦ បានចាត់ទុកអនុសញ្ញាឆ្នាំ១៩៤១ជាមោឃៈ និងតម្រូវឱ្យថែរក្សាស្ថានភាពព្រំដែនដូចមុនឆ្នាំ១៩៤១វិញ។ ប្រទេសថៃបានប្រគល់ ប្រាសាទវត្តភូឱ្យទៅប្រទេសឡាវវិញ ប៉ុន្តែប្រទេសថៃមិនព្រមប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញឡើយ។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៣ រដ្ឋាភិបាលកម្ពុជាបានប្រើអធិតេយ្យភាពរបស់ខ្លួន ដែលទើបទាមទារបានមកនោះ ដោយបានចាប់តាំងជនជាតិខ្មែរខ្មែរបីនាក់ឱ្យទៅថែរក្សាប្រាសាទព្រះវិហារ។ ប៉ុន្តែជនជាតិខ្មែរទាំងបីនាក់នោះត្រូវចាកចេញពីប្រាសាទព្រះវិហារវិញតាមបញ្ជាដាច់ណាត់ពីអាជ្ញាធរថៃ។ នៅចុងខែមីនា ឆ្នាំ១៩៥៤ ដោយមានកង្វល់ក្នុងការស្ថាបនាឡើងវិញ នូវសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែនខាងជើងនោះ រដ្ឋាភិបាលកម្ពុជាបានប្រមានទៅទីក្រុងបាកកថា និងបញ្ចូនយុទ្ធជនកម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ដើម្បីជំនួសឆ្មាំកម្ពុជា ដែលបានដកខ្លួនពីប្រាសាទពីពេលមុននោះ។ ប៉ុន្តែមុនពេលអនុវត្តន៍គម្រោងនេះ ប្រាសាទព្រះវិហារត្រូវបានកាន់កាប់ដោយខុសច្បាប់ពីកងកម្លាំងប្រដាប់អាវុធថៃ។ នៅខែមិថុនា ឆ្នាំ១៩៥៩ ក្រោយពីទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា នៃលោក ថាណាត់ ខូម៉ាន់ (Thanat Koman) ជារដ្ឋមន្រ្តីការបរទេសថៃនោះមក រដ្ឋាភិបាលកម្ពុជាបានដាក់សំណើថ្មីសម្រាប់ឱ្យថៃជ្រើសរើស។ សំណើនោះគឺ ការគ្រប់គ្រងប្រាសាទរួមគ្នា (Gestion commune du temple) ដោយប្រទេសកម្ពុជារក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន (Le Cambodge réserve ses droits de souverraineté)។ បើសិនមិនយល់ព្រមតាមនោះទេ ប្រទេសកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ។ ដោយរដ្ឋាភិបាលថៃពុំបានឆ្លើយតបនឹងសំណើរនេះនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (CI:Cour Internationale de Justice)។
សវនាការសាធារណៈនៃតុលាការអន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២ ដែលសមាភាពចូលរួមតវ៉ាមានដូចជា៖
- ឯកឧត្តម ទ្រឿង កាង ជាសមាជិកឧត្តមក្រុមព្រឹក្សាព្រះរាជបល្ល័ង។
- មេធាវីរបសើកម្ពុជាមានបីរូប៖
- លោក ឌីន អាចេហ្សឺន (Dean Acheson)៖ សមាជិកស្មាក្តីនៃតុលាការកំពូលសហរដ្ឋអាមេរិច។
- លោក រ៉ូហ្សេ ពិនតូ (Roger Pinto) ៖ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
- លោក ប៉ូល រើទែរ (Paul Reuter) ៖ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
- សាក្សី
- លោក សួន បុន អភិបាលខេត្តកំពង់ធំពីឆ្នាំ១៩៤៨ ដល់ ឆ្នាំ១៩៥៤។
សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ទ្រឿង កាង ក្នុងសវនាការ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៦២ ពេលព្រឹក៖ លោកប្រធាន អស់លោកចៅក្រម៖ សម្រាប់និតិបច្ចុប្បន្ន សេចក្តីសន្និដ្ឋាននៃព្រះរាជាណាចក្រកម្ពុជាមានដូចតទៅៈ សូមមេត្តា៖
- និយាយ និងវិនិច្ឆ័យថា ខែ្សបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នៅក្នុងតំបន់ភ្នំដងរែកគឺជាខ្សែបន្ទាត់ដែលបានគូសនៅលើផែនទីរបស់គណៈកម្មាការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។
- និយាយ និងវិនិច្ឆ័យថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីជាអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
- និយាយ និងវិនិច្ឆ័យថា ព្រះរាជាណាចក្រថៃត្រូវដកទាហាន ដែលបានបោះទីតាំងនៅក្នុងទឹកដៃកម្ពុជា តាំងពីឆ្នាំ១៩៥៤ នោះ ចេញពីប្រាសាទព្រះវិហារវិញ។
- និយាយ និងវិនិច្ឆ័យថា រូបចម្លាក់ សិលាចារឹក ថ្មប្រាសាទ និងវត្តផ្សេងៗទៀត ដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤នោះ រដ្ឋាភិបាលថៃនិងត្រូវប្រគល់ឱ្យកម្ពុជាវិញ។
តុលាការជំរះរឿងក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ សម្រេចឱ្យខ្មែរបានទទួលជ័យជំនះក្នុងរឿងក្តីនេះ។ ដំបូងប្រទេសថៃបានបដិសេដ ចំពោះសាលក្រមរបស់តុលាការក្រុងឡាអេ។ ប៉ុន្តែនៅទីបញ្ចប់គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោកសេនាប្រមុខសារិន (Maréchal Sarit) ថ្លែងថា ប្រទេសលោកលំឱនកាយទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដើម្បីគោរណតាមកិច្ចសន្យារបស់ខ្លួន ចំពោះធម្មនុញសហប្រជាជាតិ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ សម្តេចព្រះបាទនរោត្តម សីហនុ ជាប្រមុខរដ្ឋ ដែលអមព្រះរាជដំណើរដោយព្រះសង្ឃ និងឥស្សរជនខ្មែរជាច្រើនរូប បានយាង និមន្ត និងអញ្ចើញឡើងកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញ ដោយមានការប្រាព្ធពិធីយ៉ាងឱឡារិក។
កាលបរិច្ឆេទសំខាន់ៗ
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
- ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។
- ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។
- ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូប៉ារីស។
- ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។
- ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។
- ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របសើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchuech) ប្រទេសណូវែលហ្សេឡង់។
- ថ្ងៃទី១១ខែសីហាឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជា ដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិតេយ្យភាពរបស់កម្ពុជា។
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ
ចំពោះប្រាសាទព្រះវិហារមានផែនទីមួយមានចំណងជើងថា គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននឹងសៀម (Commission de délimitation entre I´Indochine et le Siam) ត្រូវបានបោះពុម្ពនៅទីក្រុងប៉ារីស និងត្រូវបានប្រគល់ជូនឱ្យរដ្ឋាភិបាលសៀម និងផ្តល់ជូនរាល់សមាជិកមកពីប្រទេសសៀម ដែលស្ថិតនៅក្នុងគណៈកម្មការចម្រុះខាងកំណត់ព្រំដែននៅឆ្នាំ១៩០៨។ នៅក្នុងផែនទីនេះ ខ្សែព្រំដែនកាត់តាមខាងជើងប្រាសាទមានចម្ងាយប្រហែល៥០០ម៉ែត្រ។ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាយ៉ាងច្បាស់ ហើយបន្ទាប់មកសៀមមិនដែលលើកយករឿងប្រាសាទព្រះវិហារមកចោទជាបញ្ហាម្តងណាឡើយ។ នៅឆ្នាំ១៩២៥ និងឆ្នាំ១៩២៦បារាំងនឹងសៀមបានរៀបចំដែនដី ហើយនៅពេលនោះក៏ពុំមានបញ្ហាចោទអំពីជួរភ្នំដងរែកឡើយ។ ជារឿងអកុសលណាស់ដែលជៀង៣០ឆ្នាំ ក្រោយពីសៀមបានដកថយជាលើកចុងក្រោយនោះ ប្រាសាទព្រះវិហារព្រមទាំងទឹកដីភាគខាងជើង និងពាយ័ត្យរបស់យើង មានបញ្ហាជាមួយសៀមម្តងទៀត។ អនុសញ្ញាបារាំងសៀម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ ត្រូវបានចុះហត្ថលេខា នៅទីក្រុងតូក្យូ តាមអន្តរាគមន៍នៃប្រទេសជប៉ុន ដែលបានតម្រូវឱ្យមានយុទ្ធសន្តិភាព ដើម្បីបញ្ឈប់ការប្រទូស្តរាយ ដែលប្រទេសសៀមបានប្រព្រឹត្តប្រឆាំងនឹងកម្ពុជា ពោលគឺប្រឆាំងនិងបារាំង នៅដើមសង្គ្រាមលើកលើទី២។ តាមអនុសញ្ញានេះប្រទេសកម្ពុជាបានបាត់បង់ខេត្តបាត់ដំបង ខេត្តកំពង់ធំមួយភាគ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ ប៉ុន្តែជាសំណាងល្អ ប្រាំឆ្នាំក្រោយមកមានកិច្ចព្រមព្រៀងបារាំងសៀមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦នៅទីក្រុងវ៉ាស៊ីនតោន បានរំលាយចោលនូវអនុសញ្ញាចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១។ ដូច្នេះថៃត្រូវប្រគល់ទឹកដីខ្មែរ ដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦នោះមកឱ្យខ្មែរវិញ។
ព្រះរាជបន្ទូលសម្តេចព្រះនរោត្តមសីហនុ
ព្រះរាជបន្ទូលសម្តេចព្រះនរោត្តមសីហនុ ក្នុងព្រះរាជពិធីបង្ហូតទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារ ០៥ មករា ១៩៦៣ “ពួកថៃ ជាចុងក្រោយបានដកថយចេញពីប្រាសាទព្រះវិហារ បន្ទាប់ពីកុហកភូតភរជាច្រើនរួចមកនិងល្បិចកល់ដែលគេប្រើមិនទាន់អស់ការ។ ការដកថយនេះ មិនបានបញ្ឈប់ប្រទេសថៃឲ្យធ្វើខ្លួនជាអ្នកចាញ់ដ៏ល្អទេ តែប្រទេសថៃនៅបន្តការពង្រីកដែនដីរបស់គេពោលគឺគេបានគូសផែនទីថ្មីដោយរំលោភចូលមកប្រាសាទព្រះវិហារ។ជាពិសេសទៅទៀត ពួកថៃបានរាយលួលបន្លានិងសង់បន្ទាយយោធានិងតម្រួតនៅកន្លែងមួយចំនួនចូលជ្រៅក្នុងទឹកដីខ្មែរ។ការធ្វើបែបនេះគឺជាការបំពានសាលក្រមតុលាការអន្តរជាតិ “ ។ លិខិតក្រសួងការបរទេសកម្ពុជាជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិដកនៅ ថៃ្ងទី ២៣ មេសា ១៩៦៦ ដកស្រង់ព្រះរាជសន្ទរកថាសម្តេចសីហនុដែលបានថ្លែងក្នុងពិធីបង្ហូតទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារ។
តម្លៃនៃប្រាសាទ
ការសិក្សាស្រាវជ្រាវប្រៀបធៀបប្រដូចចម្លាក់រចនាបថ សិល្បៈខ្មែរ ដើម្បីស្វែងយល់ស្គាល់អំពីការវិវត្តិរបស់វប្បធម៌ខ្មែរ និងអរិយធម៌ខ្មែរអាចជាកត្តាមួយដើម្បីធ្វើឱ្យយើងមានមោទភាពក្រៃលែងចំពោះការប៉ិបប្រសប់ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងភាពឧស្សាណ៍ព្យាយាម តស៊ូរបស់ដូនតាយើង។ ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប្រាសាទព្រះវិហារជាមោទភាពដល់ធំធេង ឧត្តុងឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត បញ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និងប្រវត្តិសាស្រ្ត។ល។ ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរជាសក្ខីភាពនៃការគ្រប់គ្រងនយោបាយដ៏ល្អប្រសើរមួយ ដែលមានទ្រឹស្តីពិតប្រាកដនិយម មានចក្ខុវិស័យល្អខ្ពង់ខ្ពស់ ចេះកសាងស្ថាបនាជាតិតាមផ្លូវល្អប្រសើរ ប្រត្យកនិយម និងជាសក្ខីភាពនៃសេចក្តីអង់អាចក្លាហាន ពូកែរបស់ខ្មែរចេះបន្តវេណគ្នាឱ្យមានចីរភាព។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីដល់ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៅអាស៊ីអាគ្នេយ៍។
No comments:
Post a Comment