ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ
នេះជាប្រយោគមាននៅក្នុងជីវប្រវត្តិរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ ដែលសរសេរដោយព្រះអង្គផ្ទាល់ ហើយនៅក្នុងជីវិតរបស់សមណៈបញ្ញវន្តរូបនេះពុំសូវបរិបូរណ៌ដោយលាភសក្ការៈ និង សមណស័ក្តឡើយ ។ ខុសពីសមណៈបញ្ញវន្តខ្មែរមួយចំនួនដែលមានទំនោរធ្ងន់ទៅរកផ្លូវធម៌ ព្រះភិក្ខុធម្មបាល បានបូជារយៈពេលពេញមួយជីវិតរបស់លោកដើម្បីធ្វើកិច្ចការយ៉ាងស្មើ គ្នារវាង សាសនកិច្ច និង សង្គមកិច្ច។ ព្រោះហេតុនេះហើយ ទើបសកម្មភាពរបស់លោកពេលខ្លះត្រូវបានគេឃើញថា ជាសកម្មភាពនយោបាយ ហើយអ្នកខ្លះហៅលោកថា ជាភិក្ខុសាសនានយោបាយ ។
កុមារភាព និង ការសិក្សា
ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុណ ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះភិក្ខសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា នៅវត្តលង្កា ក្រុងភ្នំពេញ ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង ចេះ ផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
ព.ស ២៤៦៧, គ.ស ១៩២៤ បានបួសជាសាមណេរនៅអាយុ១៧ឆ្នាំ ក្នុងសំណាក់ព្រះចៅអធិការ ទន់ ផាន់ វត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទីទៃពីការសិក្សា និង ប្រតិបត្តិនូវកាតព្វកិច្ចរបស់ខ្លួនទៅ សាមណេរ ខៀវ ជុំ នៅបានធ្វើជាគ្រូបង្រៀនអក្សរ និង លេខនព្វន្តដល់កុលបុត្រខ្មែរប្រមាណជា៨០នាក់ផង ។ នៅក្នុងវត្តសេដ្ឋីនេះ សាមណេរខៀវ ជុំ ជាប្រធានធម្មសភានៃ ការសន្ទនាធម៌ និង ជាទីប្រឹក្សានៃគណៈបេសកកម្មធម្មទូតទៅវត្តអន្លង់តាសេក ជាភូមិកំណើតរបស់លោក ។
បព្វជ្ជា (បួស) ជាសាមណេរ
ព.ស ២៤៦៩, គ.ស ១៩២៦ នៅពេលមានអាយុ១៩ឆ្នាំ សាមណេរ ខៀវ ជុំ បាននិមន្តទៅបន្តការសិក្សានៅវត្តលង្កា នាទីក្រុងភ្នំពេញ ប៉ុន្តែពុំមានសាលាត្រឹមត្រូវទេ គឺត្រូវស្វែងរកគ្រូដោយខ្លួនឯង ហើយក៏និមន្តទៅសិក្សាដល់ផ្ទះគ្រូ ឬ សិក្សានៅតាមកុដិ ។ ជីវភាពប្រចាំថៃ្ងគឺត្រូវ ពឹងលើការបិណ្ឌបាត្រ ហើយជួនកាលក៏មានអាហារគ្រប់គ្រាន់ ជួន កាលក៏មិនឆ្អែត ហើយទឹកអាចប្រើប្រាស់បានតែ៥-១០លីត្រ ក្នុង១ថៃ្ង ។ ពេលអាពាធ (មានជំងឺ) មិនមានពេទ្យ ឬ ថ្នាំត្រឹមត្រូវសម្រាប់ព្យាបាល ចំណែកទីស្នាក់នៅ ក៏តូចអាចក្រាលបានតែកន្ទេលតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែឧបសគ្គទាំងនេះ មិនមែនជាឧបសគ្គដល់ការស្រលាញ់ចំណេះវិជ្ជានៃសាមណេរ អនាគតសមណៈបញ្ញវន្តយើងឡើយ ។
ឧបសម្ប័ទជាភិក្ខុ
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១ ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ វិញ្ញបនបត្រឡើយ ។ លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ស្នេហាជាតិ និង ជីវិតនយោបាយ
ចាប់ពី គ.ស ១៩៤២ ក្នុងពេលដែលមានភាពមិនប្រាកដប្រជានៃអំណាចអាណាព្យាបាលបារាំង និង កងទ័ពជប៉ុននៅក្នុងប្រទេសកម្ពុជា ភិក្ខុធម្មបាល រួមជាមួយអ្នកស្នេហា និង ព្រួយបារម្ភពីវប្បធម៌ជាតិមួយចំនួនទៀតមាន លោកគ្រូអាចារ្យ ហែម ចៀវ ជាដើមបានមូលគំនិតចាប់ផ្តើមនាំគ្នារៀបចំសរសេរចងក្រងសៀវភៅជា ភាសាជាតិមានសៀវភៅវេយ្យាករណ៍ជាដើម ។
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
ពេល កងទ័ពសម្ពន្ធមិត្តចូលមកធ្វើការទំលាក់អំណាចជប៉ុន (គ.ស ១៩៤៥) នោះ ពួកគេក៏បានចាប់ជនជាតិខ្មែរជាច្រើនដែលក្នុងនោះមានទាំងពួកអ្នកដែល ធ្លាប់គិតគូរ អំពីវប្បធម៌ជាតិដែលជាក្រុមរបស់លោកផង ។ ពេលនោះ ភិក្ខុធម្មបាល បានសម្រេចចិត្តភៀសខ្លួនទៅនៅខេត្តបាត់ដំបង ហើយបន្តទៅលាក់ខ្លួននៅប្រទេសសៀម ។ គ្រាប់ស្លែងទោះយកទៅដាំនៅទីណាក៏នៅមានជាតិល្វីង ចំណែកអំពៅទោះដាំនៅទីណាក៏នៅរក្សាជាតិផ្អែម ។ ភិក្ខុភៀសខ្លួន ធម្មបាល ទោះនៅក្រៅមាតុភូមិហើយក្តីក៏គំនិតស្នេហាវប្បធម៌មិនបាត់បង់ដែរ ។ លោកនៅបន្តសរសេរសៀវភៅជាភាសាជាតិ និង ប្រមែប្រមូលចងក្រងឯកសារទាក់ទិននឹងអក្សរសាស្ត្រជាតិដែលមាននៅក្នុង ប្រទេសសៀមទាំងមូល ។ ក្រៅពីនេះទៅ ធម្មបាល តែងតែបានដាស់តឿនរំលឹកស្មារតីគ្រប់និន្នាការ (អ្នកនយោបាយនានា និង ខ្មែរឥស្សរៈ ) អោយគិតគូរដល់វប្បធម៌ដ៏ពិតប្រាកដរបស់ខ្លួន និង ព្រះរាជបល្ល័ង្កដ៏បរិសុទ្ធរបស់ជាតិ ។ គ.ស ១៩៤៩ ភិក្ខុធម្មបាល បានត្រឡប់ចូលមាតុប្រទេសវិញ ជាមួយឯកសារអក្សរសាស្ត្រដែលលោកខំស្រាវជ្រាវ ប្រមែម្រូល និង សៀវភៅ ដែលលោកសរសេរកាលរស់នៅប្រទេសសៀម ។
“វប្បធម៌របស់ជាតិក្នុងពេលនេះ ត្រូវពឹងលើព្រះគុណហើយ”
ឃ្លានេះ លោក អ៊ាស៊ីចូវ ជាកូនសិស្សរបស់ភិក្ខុធម្មបាលកំពុងសិក្សាពីលោកមិនទាន់ចប់ បានចេញទៅនៅប្រទេសសៀម ដើម្បីចូលរួមនយោបាយជាមួយខ្មែរឥស្សរៈ ប្រើដើម្បីអង្វលោកអោយនិមន្តទៅគង់នៅប្រទេសសៀមដើម្បីបានជាគ្រូ ខាងអក្សរ និង ភាសាខ្មែររបស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាននិមន្តទៅនៅប្រទេសសៀមម្តងទៀតហើយនៅគ.ស ១៩៥២ ដោយស្នាក់នៅជាមួយពួកអ្នកនយោបាយ ។ គ.ស ១៩៥៤ ភិក្ខុធម្មបាលបានវិលត្រឡប់មកមាតុភូមិវិញ ហើយទទួលបានការចោទប្រកាន់ថា លោកជាសង្ឃធ្វើនយោបាយ ។ ក្រោយពីបានពិចារណារួចមក លោកក៏បានឆ្លងផុតការចោទនេះវិញ ដោយសារមានការជួយសម្របសម្រួលពីសំណាក់ព្រះធម្មលិខិត ល្វី ឯម ដែលជាព្រះឧប្បជ្ឈាយ៍របស់លោក ហើយលោកក៏បានគង់នៅក្នុងវត្តលង្កា នាទីក្រុងភ្នំពេញ ។
នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក ព្រះភិក្ខុធម្មបាលបានសរសេរថា លោកមិនពូកែសំដែងធម៌ទេសនាទេ ប៉ុន្តែលោកចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យហ៊ិន-គួយ សព្វថៃ្ង (ខែមករា ២០១០) មានទីលំនៅនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នកធ្លាប់ស្គាល់ភិក្ខុធម្មបាលច្បាស់បាននិយាយថា លោកមានចរិតជាមនុស្សមិនសូវរវល់ពីរឿងលាភសក្ការៈ និង ឋានៈ ទេ ហើយរាល់ការសំដែងធម៌របស់ លោកទៀតសោតច្រើនតែបកស្រាយពន្យល់ដល់ពុទ្ធបរិស័ទ្ធ សិស្សគណ អោយស្គាល់អំពីតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋចំពោះ ប្រទេសជាតិ ហើយក៏តែងតែទទួលបានការតាមស្តាប់ឱវាទរបស់លោកពីសំណាក់ពួកនិស្សិត និង មន្ត្រីរាជការយ៉ាងច្រើនកកកុញ ។
ក្នុងកម្រងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកនេះដែរ ភិក្ខុធម្មបាលបានសរសេរថា “ការនិពន្ឋ ធម្មបាល ស្រលាញ់ជាងការណាៗទាំងអស់ យកចិត្តទុកដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក មិនអាចធ្វើខ្លួនអោយពេញលេញជាអ្នកនិពន្ឋខ្ពង់ខ្ពស់បានទេ” ។
ប្រភពផ្សេង
យោងតាមកម្រងជីវប្រវត្តិផ្ទល់ខ្លួនរបស់ព្រះតេជគុណ ធម្មបាល ខៀវ ជុំ បានបង្ហាញឱ្យឃើញថា ព្រះអង្គចូលចិត្តរស់
នៅស្អាតបាតរៀបរយត្រឹមត្រូវ។នៅគ្រប់ទីកន្លែងដែលព្រះអង្គបានអាស្រ័យនៅ ក្រៅអំពីបោសសំអាតផ្ទាល់ខ្លួន និងចាត់ឱ្យអ្នកនៅរួមសេនាសនៈបោសសំអាតតាមលក្ខណៈអនាម័យ។ភិក្ខុ ធម្មបាល ខៀវ ជុំ បានរៀបចំទុកដាក់របស់ប្រើប្រាស់គ្រប់យ៉ាងឱ្យមានសណ្តប់ធ្នាប់រៀបរយតាមលក្ខណៈជនប្រសើរ។
ចំណែកចរិយាខាងផ្លូវរូបកាយរបស់ព្រះអង្គវិញមានលក្ខណៈទន់ភ្លន់ជាមធ្យម។ចរិយាខាងផ្លូវសំដីទាំងការនិយាយធម្មតាជាមួយអ្នករស់នៅក្នុងកុដិ ទាំងជាមួយភ្ញៀវគូសន្ទនាប្រាស្រ័យដែលមកអំពីខាងក្រៅមិនសូវមានរបៀបរៀបរយប៉ុន្មានទេព្រោះព្រះអង្គមិនសូវចូលចិត្តនិយាយច្រើនទេ ទើបមិនសូវបានគិតគូរបៀបចំពាក្យសំដី។ចំណែកខាងផ្លូវចិត្តឆាប់ខឹងឆាប់ជា ជាបុគ្គលមិនងាយចងគំនុំទេ ប៉ុន្តែបើសម្រេចចិត្តថា ចងគំនុំជាមួយនរណាហើយ មិនងាយស្រាយវិញឡើយ។
រីឯខាងការងារទូទៅ ភិក្ខុ ធម្មបាល ខៀវ ជុំ មិនមែនជាវាគ្មិនទេ តែចូលចិត្តនិយាយជជែកជាវាគ្មិន មិនមែនជាធម្មថិកទេ តែចូលចិត្តមុខការជាធម្មថិក មិនមែនជាអ្នកនិពន្ធទេ តែចូលចិត្តការនិពន្ធន៍ មិនមែនជាអ្នកសាងទេ តែមានចិត្តស្រឡាញ់នូវសំណង់ដែលគេសាង។ព្រះអង្គមានទម្លាប់សឹងម៉ោង ២២ ក្រោកពីសឹងម៉ោង ៥ រាល់ថ្ងៃ។
ជាមួយគ្នានេះដែរ បើនិយាយពីការទេសនាវិញ ព្រះអង្គមិនពូកែទេ តែមានចិត្តស្រឡាញ់ ព្រះអង្គមានការខំប្រឹងព្យាយាមទេសនានេះមិនមានឈប់ឈរសោះឡើយ តាំងអំពីនៅជាសាមណេររៀងរហូតមក។ ទន្ទឹមនឹងនេះ ព្រះតេជគុណសាន សុជា មានថេរដីកា ថា ភិក្ខុ ធម្មបាល ខៀវ ជុំ ពូកែដោះស្រាយអធិករណ៍ណាស់ លោកពូកែដោះស្រាយវិវាទ មានអធិករណ៍កើតឡើងក្នុងវត្តគឺគេមានការពឹងព្រះអង្គឱ្យជួយសម្របសម្រួលដោះស្រ័យវិវាទនោះ។
ក្នុងឯកសារជីវប្រវត្តិផ្ទាល់ខ្លួនរបស់ព្រះភិក្ខុធម្មបាលខៀវ ជុំបានសរសេរបង្ហាញឱ្យដឹងថា ព្រះអង្គមានមនុស្សជាមិត្តច្រើនណាស់ តែបុគ្គលដែលអាចកំណត់សំគាល់ថាជាមិត្តគ្រប់កាល មានតិចណាស់ សម្បូរតែមិត្តចំពោះកាល និងមិត្តធម្មតាគឺមិត្តដែលមិនរួមសុខទុក្ខ គ្រាន់តែជាមិត្តសម្រាប់តែងាករេទៅជាអមិត្ត ឬទៅជាសត្រូវមានច្រើនណាស់។
ឯកសារដដែលបានបង្ហាញទៀតថា ព្រះអង្គមិនបានធ្វើសមិទ្ធិអ្វីច្រើនទេ សម្រាប់ជាតិ សាសនា មិនបានធ្វើអ្វីមួយដាច់មុខខ្លួនឯងទេ។ការចូលបច្ច័យជួយសាងសមិទ្ធិនានាជាមួយអ្នកដទៃ មានធ្វើជាធម្មតាដូចមនុស្សសាមញ្ញទូទៅ។ ព្រះអង្គបានបន្តទៀតថា ព្រះអង្គបានជួយស្ថាបនាបង្ហើយ នូវសមិទ្ធិក្នុងសាសនាខ្លះ មានកុដិជាដើម ដែលគេធ្វើមិនទាន់ហើយ។ សម្រាប់គ្រួសារវិញ បានធ្វើផ្ទះមួយខ្នងតូចឱ្យញោមរបស់ព្រះអង្គនៅក្នុងពេលដែលគាត់មានវ័យចាស់ជរា។
ចំណែកជីវិតក្នុងឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសវិញ ព្រះអង្គ ធម្មបាល ខៀវ ជុំ មិនមានឋានន្តរស័ក្តិអ្វីច្រើនទេ ព្រោះមានចិត្តស្ងួនទុកឱ្យពួកមិត្តទាំងឡាយផង ព្រោះចិត្តមិនសូវ ស្រឡាញ់ផង។ក្នុងឆ្នាំ ១៩៤៣ ស្របពេលដែលព្រះអង្គកំពុងបង្រៀននៅវត្តដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគេនស្វាយ ខេត្តកណ្តាលនោះ ព្រះអង្គបានទទួលឋានន្តរស័ក្តិជាព្រះគ្រូសត្ថាចរិយាព្រិឌ្ឍិ៍ ដែលសម្តេចព្រះសង្ឃនាយកព្រះនាម ហ៊ិន ប្រទាន តាមសេចក្តីស្នើសូមនៃសម្តេចព្រះធម្មលិខិត ល្វី ឯម ជាព្រះឧបជ្ឈាយ៍។ក្រោយមកមិនយូរប៉ុន្មានឋានន្តរស័ក្តិនេះក៏ត្រូវបានបាត់បង់ទៅឯងដោយស្វ័យប្រវត្តិ ដោយសារព្រះអង្គនិមន្តទៅនៅប្រទេសក្រៅ ពុំបានប្រើ និងពុំបានថែរក្សា។គ្រឿងឥស្សិយយស មានត្រឹមតែមេដៃយ៍ ពង្រីកកំពង់ផែក្រុងព្រះសីហនុមួយប៉ុណ្ណោះ។
ក្នុងកម្រងឯកសារជីវប្រវត្តិផ្ទាល់ខ្លួនរបស់ព្រះអង្គបានសរសេរថា “ការនិពន្ឋ ធម្មបាល ស្រលាញ់ជាងការណាៗទាំងអស់ យកចិត្តទុកដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក មិនអាចធ្វើខ្លួនអោយពេញលេញជាអ្នកនិពន្ធខ្ពង់ខ្ពស់បានទេ”។ សៀវភៅដែលជាសមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ មានសៀវភៅល័ខវិជ្ជាការរដ្ឋ គូមិត្តឥទ្ធិបាទ បញ្ហាជីវិត សំវេគធម៌ ត្រៃលក្ខណ៍ កម្ពុជវេយ្យាករណ៍ បញ្ហាអនាគត បញ្ហានរក-សួគ៌ សីលធម៌សាកល ជីវិតគ្រប់លក្ខណ៍ ពិភពលោកភាសិតឬ ភាសិតសកល ទានទស្សនៈ និព្វានទស្សនៈ វេយ្យាករណ៍យើង ត្រៃចរិយា ជីវិតទស្សនៈវិញ្ញាណទស្សនៈ ពុទ្ធវិទ្យារឿងបុណ្យ-បាប និងសៀវភៅជីវិតសន្តិភាព ជីវិតសាងខ្លួនឯង និង ចិត្តវិទ្យាសង្គម ជីវិតឈ្នះ
លោក។
ចំណែកជីវិតរបស់ភិក្ខុធម្មបាល ខៀវ ជុំវិញ ប្រកបដោយគ្រោះថ្នាក់ ហើយព្រះអង្គបានឆ្លងកាត់ភ័យវិបត្តិរបស់ជីវិតជាច្រើនយ៉ាង ហើយភ័យវិបត្តិធំៗ គឺខាងគ្រោះថ្នាក់ មានដូចជាលង់ទឹក ធ្លាក់ពីដើមឈើ ក្រឡាប់រទេះគោ ក្រឡាប់រថយន្ត។ខាងជម្ងឺរោគាវិញ មានដូចជា អុតធំ គ្រុនចាញ់ បេះដូង ឈាមឡើង។តែតោះជាយ៉ាងណា ព្រះអង្គបានប្រើជីវិតនេះយ៉ាងមានតម្លៃ។
គួររំលឹកដែរថា ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុណ ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង បិតាឈ្មោះ ង៉ែត ខៀវ មាតាឈ្មោះ កែវ ចិន។ព្រះភិក្ខុ ធម្មបាល ខៀវ ជុំសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា នៅក្នុងវត្តលង្កា ក្រុងភ្នំពេញ ។
No comments:
Post a Comment