ទសពិធរាជធម៌ (ទៈ
សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ +
រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត
ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច និងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង។
ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ
ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព
និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ
ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល
អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ឯព្រះមហាក្សត្រនិងអ្នកដឹកនាំគេចផុតយករួចខ្លួនបានដែរ។
ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌
គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ
និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖
១. ទាន ចែករំលែកដោយសេចក្ដីសង្គ្រោះ
ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ
ត្រូវតែធ្វើទាន ចែកអំណោយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដោយគ្មានគំនិតគិតកេងប្រវ័ញ្ច
ធ្វើប្រជាភិថុតឡើយ គឺមានន័យថា ទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ
គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូស នឹងបាបកម្ម។
បើយើងពោលអោយចំទៅ ព្រះមាហាក្សត្រ
ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេច ចេះចែកចាយផ្តល់ប្រជាពលរដ្ឋ
និងជាតិនូវលទ្ឋភាពគ្រប់គ្រាន់
ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នា
មានកិតិ្តយសរុងរឿងថ្កុំថ្កើង។
២. សីល ការរក្សានូវសេចក្ដីល្អ វៀរចាកអំពើទុច្ចរិត
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំត្រូវតែប្រកាន់ និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។
សីលធម៌នេះ គឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា
គេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិត មិនលួចប្លន់ មិនលួចលាក់មានសាហាយស្មន់
មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួន អោយលង់លក់ទៅដោយគ្រឿងស្រវឹង។
ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖
. មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
. ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
. មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត
និង
. ឧបេក្ខា
ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា
គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។
៣. បរិច្ចាគៈ ការអោយដោយមិនចង់បានផលតបស្នង
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យ ឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ
ពោលគឺប្រជាលរដ្ឋត្រូវការ។ គឺក្នុងន័យ ត្រូវចេះប្រើប្រាក់កាក់ធនធានរដ្ឋ
ដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀង កេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិ
អោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាព និងសុភមង្គល វិធីនេះ គឺការបែងចែកភោគផល
ធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានរើសអើងវណ្ណះ។ ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប
មិនមែនជាអំណោយ ឬជាការនាំ និងអ្នកនយោបាយម្នាក់ៗ ត្រូវតែគោរពប្រណិប័តធ្វើតាមដែរ។
៤. អាជ្ជវៈ មានសេចក្ដីត្រង់
ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រ និងអ្នកដឹកនាំត្រូវតែគោរព
និងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ ក្នុងពាក្យទៀងត្រង់ អត្ថន័យមានទំហំធំធេងណាស់ គឺជាជំពាក់ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ។
បើនិយាយអោយចំទៅ គឺគេមិនត្រូវក្បត់ប្រជាជន និងប្រទេសជាតិឯង មិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌ មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន
ក្រុមគ្រួសារ បក្សពួក និង បរទេស។
៥. មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិ ត្រូវតែរៀបចំឬកពារ អាកប្បកិរិយាពាក្យសម្តី
ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌
ដោយមិនបញ្ចេញអាការៈ ឬកពារច្រងេងច្រងាងច្រឡោងខាម ច្រឡើសបើស
ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។
ព្រះមហាក្សត្រ ឬ
អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។
បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះ គឺប្រទេសជាតិ
និងប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។
៦. តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិតាមកាលកំនត់ ត្រូវតែចូលកាន់ឧបោថសីល
ដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនា
អោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃក្តីវិនាស ការចូលកាន់ឧបោថសីល
អាចចាត់ទុកជាការដកឃ្លាមួយរយៈពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្ន
ដើម្បីយកពេលយកឪកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា
ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព
និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។
អាកប្បកិរិយា និងកាយវិការរបៀបនេះ
អាចនាំអោយអ្នកដឹកនាំ ឬអ្នកនយោបាយមានពេលវេលា
និងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អ
ទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។
៧. អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិ មិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃ
អោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយឯងគត់ប៉ុណ្ណោះទេ។ ការបង្ក
បង្កើតអោយមានរឿងសៅហ្មង អោយមានការក្តៅក្រហលក្រហាយដូច្នេះ
បណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុង ហើយអាចក្លាយជាចលាចលច្របូកច្របល់
និងជាសង្រ្គាមបង្ហូរឈាម។
អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្ត
មិនអោយមានកំហឹងគំនុំនិងមានការសងសឹក ឆេះឆាបដក់គុំក្នុងខ្លួនឡើយ។
ការកសាងប្រទេសជាតិ មិនមែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គី
បង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។
៨. អវិហឹសា មិនបៀតបៀនអ្នកដទៃ
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិ មិនត្រូវយកហិង្សា ឬកំលាំងបាយ កំលាំងអាវុធមកធើ្វជាត្រីមុខទេ
ក្នុងការត្រិះរិះពិចារណា និងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។
បើយើងគ្មានគំនិតអាក្រក់ មិនប្រើកំលាំងអាវុធ មិនបៀតបៀនគេគេ
ក៏គេមិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធី
ក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។
ទស្សនៈសន្តិភាព
ត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបង ដែលព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិ
ត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប យកមកអោយបានជាចាំបាច់
ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាព ដើម្បីកសាងដើរឆ្ពោះទៅរកអី្វ
ដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់ និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។
៩. ខន្តី មានសេចក្ដីអត់ធន់
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិ ត្រូវតែមានចិត្តអំនត់អត់ធន់
ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល
ទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានះ ទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាល
អាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ ដែលពុំអាចប៉ាន់ស្មានបាន
ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំ និងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗ
ជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្ត
នឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។
ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំសម្បើម។
១០. អវិរោធនៈ
មិនបំពានលើធម៌លើច្បាប់
ព្រះមហាក្សត្រ
ឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។
គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។
គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភា
របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពាន
ដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រម ដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។
ទោះស្តេច ទោះមន្ត្រី ទោះសេចក្តីគហបតី
និងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។
បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម
ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាច
និងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល
ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្ត
នឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខាន
គឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន សីលធម៌
គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ
ដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញ
ក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។
No comments:
Post a Comment